ដោយ សុ ជីវី
2020-02-09
Source: RFA Khmer
សកម្មជនបក្សប្រឆាំងលោក ខៀវ ឌីន ជួបបញ្ហាខ្វះខាតលុយព្យាបាលរបួសក្រោយត្រូវជនមិនស្គាល់មុខវាយធ្វើបាប។ ការត្អូញត្អែរនេះនៅពេលលោក ខៀវ ឌីន ត្រូវទៅព្យាបាលរបួសបន្តនៅមន្ទីរពេទ្យជាញឹកញាប់ ខណៈលោក និងភរិយាគ្មានមុខរបរអ្វីក្រៅពីនៅផ្ទះជួយមើលចៅ។
សកម្មជនបក្សប្រឆាំង លោក ខៀវ ឌីន និងភរិយាប្រាប់ថា ពួកគាត់ត្រូវការប្រាក់ច្រើន ក្នុងការព្យាបាលរបួស និងទៅពិនិត្យនៅពេទ្យម្ដងៗ។
ភរិយា លោក ខៀវ ឌីន លោកស្រី ពេជ្រ សុខណា ឱ្យអាស៊ីសេរីដឹងថា ក្រោយថតពិនិត្យគ្រូពេទ្យប្រាប់ថា ឃើញថា មានកម្ទេចតូចនៅក្នុងស្រោមខួរក្បាលលោក ខៀវ ឌីន។ លោកស្រីបន្តថា បញ្ហានេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតស្វាមីលោកស្រីហើយនឹងត្រូវចំណាយលុយច្រើនដើម្បីព្យាបាល៖ «គេថាកម្ទេចតូចមួយនៅជាប់ស្រោមខួរហ្នឹងហើយជាប្រឈមចំពោះគាត់ ខ្ញុំអត់ដឹងទេគ្រាន់ខ្ញុំសួរគេថាត្រូវចំណាយលុយជាង៤០០ ឬ ៥០០ដុល្លារទៀត ហើយបើត្រូវការវះកាត់ទៀតអស់ច្រើន»។
លោកស្រី ពេជ្រ សុខណា ឱ្យអាស៊ីសេរីដឹងថា មកដល់ពេលនេះស្វាមីលោកស្រីនៅតែឈឺចុកចាប់កន្លែងរបួស និងមានការភ្លេចភ្លាំងច្រើន។
សកម្មជនបក្សប្រឆាំង លោក ខៀវ ឌីន ត្អូញត្អែរដែរថា ពេលខ្លះលោកស្ទើរតែគ្មានលុយទៅពិនិត្យរបួសនៅមន្ទីរពេទ្យ៖ «អត់មានលុយទេខ្ញុំ ខ្ញុំសុំអំពាវនាវឱ្យគេជួយខ្ញុំដែរ ប៉ុន្តែមិនដឹងអំពាវនាវទៅខាងណា»។
លោក ខៀវ ឌីន ជាសកម្មជនគណបក្សប្រឆាំងម្នាក់រស់នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវជនមិនស្គាល់មុខពីរនាក់ ជិះម៉ូតូគ្មានស្លាកលេខលួចវាយពីក្រោយនឹងដំបងបណ្ដាលឱ្យរងរបួសបែកក្បាលកាលពីថ្ងៃទី២០ ខែមករា។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី ធ្លាប់អះអាងប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២៦ ខែមករាថា សមត្ថកិច្ចទទួលបានតម្រុយបន្ថែមនៃករណីជនដៃដល់វាយលោក ខៀវ ឌីន ហើយ និងកំពុងស្រាវជ្រាវបន្តដើម្បីឈានដល់ការចាប់ខ្លួនជនប្រព្រឹត្ត។
ប៉ុន្តែមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់ជនដៃដល់បាននៅឡើយទេ។ អាស៊ីសេរីបានសុំការបំភ្លឺបន្ថែមពីអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី នៅថ្ងៃទី០៩ ខែកុម្ភៈ ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ជំរុញទៅសមត្ថកិច្ចពន្លឿនការអនុវត្តច្បាប់ក្នុងការស្វែងរកជនសង្ស័យយកមកផ្ដន្ទាទោស។ លោកបន្តថា ក្នុងករណីសមត្ថកិច្ចនៅតែមិនអាចរកជនដៃដល់ឃើញនាំឱ្យមានការចោទប្រកាន់ថា ករណីវាយធ្វើបាបលើសកម្មជនគណបក្សប្រឆាំងជាប់ពាក់ព័ន្ធនឹងការរើសអើងនិន្នាការនយោបាយ៖ «និទ្ទណ្ឌភាព ឬក៏ភាពអយុត្តិធម៌សម្រាប់គាត់(លោក ខៀវ ឌីន) ដែលការវាយដំហើយរកជនដៃដល់មិនឃើញហ្នឹងគឺបង្កភាពភ័យខ្លាចសម្រាប់គាត់»។
លោក ខៀវ ឌីន ជាមនុស្សទី១៤ នៃសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវជនមិនស្គាល់មុខវាយធ្វើបាប ហើយករណីវាយធ្វើបាបទាំង១៤ករណីមិនទាន់មានសំណុំរឿងមួយណាត្រូវសមត្ថកិច្ចបំបែកបាននៅឡើយទេ។ អ្នកឃ្លាំមើលសង្គមមានព្រួយបារម្ភថា អាចនឹងមានជនរងគ្រោះផ្សេងទៀត ត្រូវជនដៃដល់លួចធ្វើបាបបើសមត្ថកិច្ចនៅតែមិនអាចរកឃើញជនប្រព្រឹត្ត៕